* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ល្ខោនព្រះរាជទ្រព្យ «នាងវឌ្ឍនាទេវី» នឹងសម្តែងជូនសាធារណជនជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ

09-01-2019 12:10

(ភ្នំពេញ)៖ ល្ខោនព្រះរាជទ្រព្យ «នាងវឌ្ឍនាទេវី» បានបង្ហាញខ្លួនជាលើកដំបូងថ្វាយព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។ ជាបន្តបន្ទាប់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវីបានដឹកនាំល្ខោនព្រះរាជទ្រព្យដ៏វិសេសវិសាលនេះទៅសម្តែងនៅឯនាយសមុទ្រគឺ បារាំង ស្វីស និង អារ៉ាប់រួម។

នៅក្នុងខែមករានេះ «នាងវឌ្ឍនាទេវី» នឹងបង្ហាញខ្លួនដើម្បីឲ្យមហាជនគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា។ ការសម្តែងនឹងប្រព្រឹត្តិទៅនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០១៩ ។ ការសម្តែងដ៏ពិសេសនេះ ត្រូវបានសហការរៀបចំដោយមូលនិធិអ្នកម្នាង ផាត់ កាញ៉ុល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការយូនីស្កូ (UNESCO) និងវិទ្យាស្ថានភាសាបារាំង ដើម្បីឲ្យក្រុមនាដការដ៏មានទេពកោសល្យ និង ជំនាញប៉ិនប្រសព្វប្រចាំព្រះរាជាណាចក្រកម្ពុជា បង្ហាញជូនភ្ញៀវជាតិ និង អន្តរជាតិនូវចលនាក្បាច់រាំ ការតុបតែងខ្លួន (មុខស) និងសម្លៀកបំពាក់របស់នាដការតាមលំនាំឆ្នាំ១៩០៦ ក្នុងរជ្ជកាលព្រះករុណាព្រះបាទស៊ីសុវត្ថិ។

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី អតីតនាដការបាំព្រះរាជទ្រព្យដ៏ល្បីល្បាញកាលពីទសវត្សរ៍ទី៦០ មានព្រះបន្ទូលថា «ការសម្តែងរឿងនាងវឌ្ឍនាទេវី នឹងនាំលោកអ្នកឲ្យកាន់តែស្គា់់ល់ពីព្រលឹងអត្តសញ្ញាញខ្មែរ»។

«ការសម្តែងដែលមានអាយុកាលជាង ១០០ឆ្នាំនេះនឹងផ្តល់ឲ្យទស្សនិកជននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ ឲ្យអ្នកទស្សនាមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើដំណើរត្រឡប់ទៅកាន់អតីតកាល និង ស្វែងយល់ពី រឿងព្រេងដែលទាក់ទងនឹងដើមកំណើតនៃប្រជាជន និងវប្បធម៌ខ្មែរ» នេះបើតាមសម្តេចព្រះរាម ដែលជាអ្នកដឹកនាំ និងហ្វឹកហាត់អ្នករបាំ។

សិល្បករឆ្នើមរូបស្រស់សោភា ធារ៉ា ចិន្តា បានឲ្យដឹងថា «នាងវឌ្ឍនាទេវី» គឺជារឿងយកលំនាំតាមរឿង បុរាណក្រិច។ ចិន្តាបានរ៉ាយរ៉ាប់ប្រាប់ត្រួសៗថា នៅនគរមួយមានព្រះមហាក្សត្រមួយអង្គមានបុត្រី ស្រស់ស្អាតចំនួនបីអង្គ បុត្រីដែលស្អាតដាច់គេគឺបុត្រីពៅដែលមានឈ្មោះថាវឌ្ឍនាទេវី។ សម្រស់ដ៏ល្អឯករបស់ព្រះនាងល្បីខ្ទរខ្ទារដែលធ្វើឲ្យរាជនីសម្រស់ឈ្មោះរាគីនៅឋានសួគ៌មានចិត្តច្រណែន។ ព្រះនាងរាគីក៏បញ្ជាឲ្យបុត្រារបស់ខ្លួនឈ្មោះសមិទ្ធា (ទេវបុត្រកាមទេព) បាញ់ព្រួញស្នេហាធ្វើឲ្យវឌ្ឍនាទេវីបានជាគូនឹងសត្វគ្រុឌ។

ទេវបុត្រកាមទេព កាលបើបានឱកាសល្អ ទ្រង់ក៏យិតព្រួញកាមទេពសម្តៅលើវឌ្ឍនាទេវីនិងគ្រុឌ លុះពេលឃើញព្រះភក្រ្តព្រះនាង ទេវបុ្រតក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយយកព្រួញកាមទេពបាញ់ខ្លួនឯង រួចទ្រង់ក៏ក្រឡាខ្លួនជាមនុស្សមាសដើម្បីជួយព្រះនាង ។ទេវបុត្រកាមទេពនិងវឌ្ឍនាទេវីបានលួងលោមស្នេហានៅវិមានដ៏ល្អក្រៃ បុន្តែបងស្រីទាំងពីររបស់វឌ្ឍនាទេវីមានចិត្តច្រណែននឹងប្អូនពៅជាខ្លាំងក៏អុចអាលឲ្យប្អូនពៅសម្លាប់ប្តីដោយចោទថាប្តីនោះជាបិសាចអាក្រក់រស់ដោយលាក់មុខ។ ជឿជាក់លើបងៗ វឌ្ឍនាទេវីក៏សម្រេចចិត្តលួចសម្លាប់ប្តី។ បេសកកម្មបរាជ័យ ទេវបុត្រកាមទេពខកចិត្តយ៉ាងខ្លាំងហើយក៏ចាកចេញទៅ។ ដោយដឹងកំហុស វឌ្ឍនាទេវីក៏រត់តាមរកប្តីគ្រប់ច្រកល្ហក។ ទីបំផុត ទេវបុត្រកាមទេព និងវឌ្ឍនាទេវីបានរៀបអភិសេកនឹងគ្នានៅឯទីស្ថានសួគ៌ដែលមានព្រះឥន្រ្ទធ្វើជាសាក្សីបាចផ្កាប្រសិទ្ធពរជ័យ។ ទេវតាដ៏ទៃ និង អប្សរា បញ្ចេញកាយវិការល្វត់ល្វន់កំដរពិធីប្រកបដោយក្តីសោមនស្សក្រៃលែង។

កញ្ញាសេរី វណ្ណកុសន ជានាដការមួយរូបក្នុងល្ខោន «នាងវឌ្ឍនាទេវី» បានថ្លែងថាមេរៀនដែលកញ្ញាទទួលបានពីលោ្ខនខាងលើគឺ៖ «ការមិនរំលោភលើសេចក្តីទុកចិត្ត ការតស៊ូលះបង់ ការលើកលែងទោសស្របតាមហេតុផលសមរម្យ ការគោរព និង ការយល់ព្រមទទួលយកអ្វីដែលគូស្នេហ៍ម្ខាងទៀតមានគឺជាកត្តាដ៏សំខាន់ៗ នាំឲ្យមនុស្សពីរនាក់អាចរួមរស់នៅជាមួយគ្នាយូរអង្វែងក្រោមម្លប់សុភមង្គល ចៀសផុតនូវសម្ពាធផ្លូវចិត្ត ឯការពិចារណាប្រកបដោយបញ្ញាញាណ និង ការមិនស្តាប់ពាក្យញុះញង់អាចឲ្យយើងចៀសឆ្ងាយពីរឿងសោកស្តាយដូចបានពិពណ៌នាក្នុងរឿងនាងវឌ្ឍនាទេវីនេះ»។

របាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ដោយអង្គការយូនេស្កូ។ ដោយឡែកលើកនេះ ការសម្តែងនឹងធ្វើឡើងជាទម្រង់ល្ខោនព្រោះវាជាសាច់រឿង «នាងវឌ្ឍនាទេវី» មិនមែន ជាទម្រង់របាំព្រះរាជទ្រព្យដូច របាំទេពអប្សរា របាំទេពមនោរម្យ របាំសុវណ្ណមច្ឆា ឫ របាំមករនោះទេ ។

លោកស្រី Anne Lemaistre ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជាសង្ឃឹមថា ល្ខោនព្រះរាជទ្រព្យ «នាងវឌ្ឍនាទេវី» នឹងបង្កើនការយល់ដឹងអំពីតម្លៃនៃសិល្បៈដ៏ផូរផង់របស់កម្ពុជាដែលជាបេតិកភណ្ឌមនុស្សជាតិលើពិភពលោក។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសូ ទីប្រឹក្សាពិសេសរបស់សម្តេចរាជបុត្រីព្រះរៀម បុប្ជាទេវីបានមានបន្ទូលថាល្ខោនព្រះរាជទ្រព្យ ខ្មែរមានលក្ខណៈវិសេសវិសាលខ្លាំងណាស់ ។ វិចិត្រករជនជាតិបារំាង អូហ្គូស រ៉ូដាំង បានជាប់ចិត្តនឹងនាដការខ្មែរ ហើយតាមគូររូបនាដកាខ្មែរគ្រប់ទីកន្លែង បានរហូតដល់ចំនួន១៥០ផ្ទាំង ក្នុងអំឡុងពេលទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិកាលពីឆ្នាំ១៩០៦។

ទស្សនាការសម្តែងល្ខោនព្រះរាជទ្រព្យ «នាងវឌ្ឍនាទេវី» ដ៏កម្រនេះ ដើម្បីគាំទ្រវប្បធម៌ខ្មែរដ៏អច្ឆរយៈ ។

សំបុត្រអាចរកបាននៅ Last2Tickets (https://bit.ly/2Rjs0OI) និង នៅវិទ្យាស្ថានបារាំងនៅកម្ពុជា រៀងរាល់ថ្ងៃច័ន្ទដល់សុក្រចាប់ពីម៉ោង១ថ្ងៃត្រង់ដល់៧ល្ងាច ថ្ងៃសៅរ៍ពីម៉ោង៩ព្រឹកដល់២ថ្ងៃត្រង់ និង ម៉ោង៣រសៀលដល់ម៉ោង៧ល្ងាច ។ បង្ហាញកាតសំគាល់ខ្លួនជាសិស្ស និស្សិត និងទទួលបានតម្លៃពិសេស (២០,០០០៛)៕