* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី សាយ សំអាល់៖ អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចការពារដីរដ្ឋ ពីការទន្ទ្រានកាន់កាប់ខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ

01-07-2020 18:10

(ស្ទឹងត្រែង)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ច ចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវ លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោក សាយ សំអាល់ លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអាជ្ញាធរខេត្តស្រុកឃុំ និងស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភាចូលរួមផងដែរ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ ពីរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ហើយអាជ្ញាធរឃុំស្រុកនេះហើយ ដែលជាអ្នកអនុវត្តច្បាប់ដោយមិនចាំបាច់រង់ចាំ ក្រសួងស្ថាប័នណាមួយឡើយ ហើយសូមកុំគិតថាបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជាសមត្ថកិច្ចដោយឡែករបស់ក្រសួងស្ថប័នណាមួយ តែជាការទទួលខុសត្រូវរបស់អាជ្ញាធរផ្ទាល់ និងការពារអភិរក្ស ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើង។

ជាមួយការថ្លែងអំណរគុណ ចំពោះគ្រប់សមត្ថកិច្ចទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អនាពេលកន្លងមក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ឈើ ការបរបាញ់សត្វ ការកាប់រាន ដុត ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃ លោក សាយ សំអាល់ បានជំរុញអាជ្ញាធរឃុំស្រុកបន្តចាត់វិធានការផ្លូវច្បាប់ទៅលើ ក្រុមជនខិលខូចដែលបន្តប្រព្រឹត្តបទល្មើស និងចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាព លើបទល្មើសដែលកើតមានជាពិសេសបទល្មើសកាប់រាន ដុតឆ្ការ ទន្ទ្រាកាន់កាប់ដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងខេត្តស្ទឹងត្រែង។

លោកបានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ រហូតមកទល់ពេលនេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងមានទៀតហើយ តែនៅសល់បទល្មើសទ្រង់ទ្រាយតូចៗ ដែលសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចាំបាច់ ត្រូវបន្តសហការគ្នាមបន្តទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើង ពីបញ្ហាប្រឈមនានា ក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៦ កន្លែងជាពិសេសការកាប់ទន្ទ្រានរានដី ធ្វើជាកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃសៀមប៉ាង ឧទ្យានជាតិសៀមប៉ាង វើនសៃ និងរបៀងអភិរក្សជីវៈចម្រុះឦសាន។

យោងតាមមន្ត្រីជំនាញបទល្មើសទន្ទ្រានដីរដ្ឋ នៅក្នុងស្រុកឋាឡាបរិវ៉ាត់មានការកើតឡើងច្រើន និងរហូតដល់មានការយកដីរដ្ឋពុះជាឡូតិ៍លក់ ហើយតាមការស្រាវជ្រាវបង្ហាញថា អាជ្ញាធរមូលដ្ឋានមានទាំងមេភូមិ និងមេឃុំមានការពាក់ព័ន្ធលើការចុះហត្ថលេខា ទទួលស្គាល់ដីទន្ទ្រានកាន់កាប់ខុសច្បាប់ថែមទៀតផង។ ទង្វើនេះជាការផ្ទុយនឹងច្បាប់ ដែលអ្នកពាក់ព័ន្ធនានាបាន និងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

នៅចំពោះមុខអាជ្ញាធរខេត្តស្ទឹងត្រែង លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា សូមអាជ្ញាធរឃុំស្រុកត្រូវញែកឱ្យដាច់ រវាងការឆ្វៀលដីភូមិដ្ឋានចាស់ ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងការស្នើសុំកាត់ឆ្វៀលដី ដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់។

លោកបានព្រមានទុកជាមុនថា «ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»។

ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរ ក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ និងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូត អនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះគម្រោង ស្រូវត្រយ៉ងដែលអនុវត្តដោយអង្គការជីវិតសត្វស្លាបអន្តរជាតិ ជាមួយប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងទិសដៅផ្សាភ្ជាប់រវាងការអភិរក្ស និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដោយបញឈប់មុខរបរបរបាញ់សត្វព្រៃ កាប់ឈើ និងការទន្ទ្រានដីព្រៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ខ្ញុំពិតជាកោតសរសើរ ចំពោះក្រុមគ្រួសារដែលបានបញ្ឈប់ ការប្រកបមុខរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ និងការទន្ទ្រានដីព្រៃហើយងាកមកប្រកបរបរផលិតស្រូវសរីរាង្គ ដែលមានទីផ្សារនិងលក់ក្នុងតម្លៃខ្ពស់។ នេះគឺជាការបញ្ជាក់ពីការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន និងធនធានធម្មជាតិ និងបានឃើញច្បាស់ពីការប្រែប្រួលជីវភាពកាន់តែរីកចម្រើន។ នេះហើយជាអ្វីដែលយើងត្រូវធ្វើ និងបង្កើតសកម្មភាពជួយប្រជាសហគមន៍»។

លោក សាយ សំអាល់ ថ្លែងនូវកត់សម្គាល់ថា តាមរយៈការអប់រំផ្សព្វផ្សាយចំណេះដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើនបានក្លាយខ្លួនជាអ្នកបរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ និងចូលរួមការពារធម្មជាតិ។

លោករដ្ឋមន្ត្រីក៏បានដាក់បញ្ជាឱ្យ អាជ្ញាធរពាក់ព័ន្ធកំណត់អត្តសញ្ញាណ អ្នកប្រកបរបរកាប់ឈើ និងបរបាញ់សត្វ ដើម្បីធ្វើការអប់រំណែនាំ និងមានគម្រោងប្រែក្លាយពួកគាត់ពីអ្នកបំផ្លាញធនធានធម្មជាតិ មកជាអ្នកចូលរួមការពារ និងអភិរក្សធនធានធម្មជាតិជាមួយមន្ត្រីជំនាញវិញ ដោយបង្កើតមុខរបរ និងផ្តល់ចំណូលជូនគាត់៕